ការអប់រំ គឺជាវិស័យគន្លឹះរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សសំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់វិស័យអប់រំជាវិស័យអាទិភាពដើម្បីធានាការអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយសក្តានុពលពេញលេញ ឆ្លើយតបការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងឌីជីថលវូបនីយកម្មដែលបាននិងកំពុងផ្តល់នូវ កាលានុវត្តភាពថ្មីសម្រាប់ការសិក្សា ការបំពេញការងារ និងការប្រកបអាជីវកម្មថ្មីៗ ជាច្រើនរួមចំណែកយ៉ាងសកម្មក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីលនៅ កម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា បានកែលម្អកម្មវិធី សិក្សា និងដាក់អនុវត្តកម្មវិធីសិក្សា ក្រៅ ម៉ោងសិក្សាដើម្បីពង្រឹងបំណិន និងចំណេះដឹងបន្ថែមដល់សិស្សានុសិស្សផ្សាភ្ជាប់ទ្រឹះស្តីទៅ និងការអនុវត្ត លើគ្រប់មុខវិជ្ជាពិសេសការអប់រំស្ទែម និងឌីជីថលសំដៅលើកកម្ពស់គុណភាពធនធានមនុស្សប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ឆ្លើយតបតម្រូវការផ្ទាល់ខ្លួន ត្រូវការទី ផ្សារការងារនៅកម្រិតជាតិ និងអន្តរជាតិ ។ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសហការជាមួយអង្គការឆាលហ្វាន កម្ពុជា លើការរៀបចំកម្មវិធីសិក្សាក្រៅ ម៉ោងសិក្សាអក្ខរកម្មឌីជីថលសម្រាប់បឋមសិក្សា និងមធ្យមសិក្សា ក្នុងគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវមូលដ្ឋានគញរឹះនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជថល ជំនួយដល់ការសិក្សា បំណិនសតវត្សរ៍ទី ២១ និងបំណិនសិក្សាពេញមួយជីវិត ដើម្បីឱ្យសិស្សអាចរៀបចំអភិវឌ្ឍខ្លួនបានល្អប្រសើរក្នុងយុគសម័យឌីជីថល ។
សៀវភៅអក្ខរកម្មឌីជីថលបានរៀបចឡើងជាសៀវភៅគ្រូ និងសៀវភៅសិស្ស មាន ៤កម្រិត ស្របតាម សមត្ថភាពសិស្ស៖ ១.កម្រិតមូលដ្ឋានសម្រាប់បឋមសិក្សា ២.កម្រិតមូលដ្ឋានសម្រាប់មធ្យមសិក្សា ៣.កម្រិតមធ្យម សម្រាប់មធ្យមសិក្សា និង ៤.កម្រិតខ្ពស់សម្រាប់មធ្យមសិក្សា។ ក្នុងកម្រិតនីមួយៗមាន ៣ជំពូក រួមមាន៖
១.មូលដ្ឋានគ្រឹះអក្ខរកម្មឌីជីថល ២.ការបង្កើតមាតិកាឌីជីថល និង ៣.ក្បួនដោះស្រាយបញ្ហានិងការសរសេរកូដ ដែលជំពូកនីមួយៗ ត្រូវការពេលចន្លោះពី ៨ម៉ោង ទៅ ១២ម៉ោង សម្រាប់ការរៀន និងហ្វឹកហាត់។ កម្មវិធី ព័ត៌មានវិទ្យាដែលយកមកប្រើប្រាស់ក្នុងកម្មវិធីសិក្សានេះ ភាគច្រើនជាកម្មវិធីកូដចំហ និងមានអាជ្ញាបណ្ណបើក ទូលាយដែលអាចប្រើប្រាស់បានដោយឥតគិតថ្លៃ អនុលោមទៅតាមគោលការណ៍ និងលក្ខខណ្ឌប្រើប្រាស់របស់ ម្ចាស់កម្មសិទ្ធិ។ អ្នកបង្រៀន អាចបញ្ចូលកម្មវិធីព័ត៌មានវិទ្យាផ្សេងៗទៀត ដែលគាំទ្រគោលបំណងនៃកម្មវិធីសិក្សា ខាងលើ ទៅតាមការវិវត្តនៃបច្ចេកវិទ្យា ធនធាន និងសមត្ថភាពរៀងៗខ្លួន។
សៀវភៅសិក្សាអក្ខរកម្មឌីជីថលកម្រិតមធ្យមសម្រាប់មធ្យមសិក្សា រៀបចំឡើងក្នុងគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវចំណេះដឹងបន្ថែមលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជំនួយដល់ការសិក្សា ការបំពេញការងារ ការបង្កើតមាតិកាឌីជីថលដែលមានគុណប្រយោន៍និងគុណតម្លៃខ្ពស់ ការដោះស្រាយបញ្ហា និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗឆ្លើយតបតម្រូវការសហគមន៍ និងសង្គម។
សៀវភៅសិស្សរៀបចំឡើងជាលក្ខណៈលំនាំគំរូ ដែលរំលេចអំពី គោលបំណងមេរៀន ខ្លឹមសារលម្អិត និងលំ ហាត់។ សៀវភៅណែនាំគ្រូរៀបចំឡើង មានវត្ថុបំណង វិធីសាស្ត្របង្រៀន (IBL/PBL) ចំនួនម៉ោងបង្រៀន សម្ភារៈ ឧបទេស លំនាំបង្រៀន និងកិច្ចការផ្ទះដើម្បីសម្រួលដល់លោកគ្រូអ្នកគ្រូប្រើប្រាស់សម្រាប់យកទៅសរសេរកិច្ចតែង ការបន្ត។ លំនាំ និងវិធីសាស្ត្របង្រៀនដែលបានរៀបចំឡើងក្នុងសៀវភៅណែនាំគ្រូជាវិធីមួយដែលលោកគ្រូអ្នកគ្រូ អាចប្រើប្រាស់បាន ប៉ុន្តែក្នុងការបង្រៀនជាក់ស្តែង អ្នកបង្រៀនត្រូវមានការបត់បែនស្របតាមកម្រិតសមត្ថភាពសិស្ស និងស្របតាមធនធានដែលមាន។
