ផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន ២០២៤-២០២៨

  •   ចក្ខុវិស័យ

ផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន២០២៤-២០២៨ បង្កើតឡើងដោយផ្អែកលើសមិទ្ធផលនានា ដែលមាននៅក្នុងផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ទ២០១៩-២០២៣ និងមានចក្ខុវិស័យគឺ ផ្តល់ការអប់រំ ប្រកបដោយគុណភាពដល់ជនមានពិការភាព និងជនមានតម្រូវការពិសេសឱ្យទទួលបានវិជ្ជាសម្បទា បំណិន សម្បទា និងចរិយាសម្បទាដែលជួយអភិវឌ្ឍសក្តានុពលពេញលេញ នឹងចូលរួមអភិវឌ្ឍសង្គមជាតិ។

  •  គោលបំណង

ប្រទេសកម្ពុជាទទួលស្គាល់ ការអប់រំបរិយាបន្នមានន័យថា ជាការរាប់បញ្ចូលទាំងសិស្សមានពិការភាព នៅក្នុងសាលារៀនចំណេះទូទៅ។ សព្វថ្ងៃនេះនៅប្រទេសជាច្រើន កុមារមានពិការភាពចូលរៀននៅសាលារៀនចំណេះទូទៅ ក៏ប៉ុន្តែកម្មវិធីសិក្សាមានភាពបត់បែន។ ដើម្បីឆ្លើយតបទៅនឹងគំរូបរិយាបន្ន (សិស្សមានពិការភាព និងមិនមាន ពិការភាពរៀនសូត្រតាមកម្មវិធីសិក្សាអប់រំបរិយាបន្នដូចគ្នា) គឺជាដំណើរការរយៈពេលវែង។ វាជាវិធីសាស្ត្រមួយ ឱ្យប្រព័ន្ធអប់រំមានការផ្លាស់ប្តូររាប់ទាំង រចនាសម្ព័ន្ធ គោលនយោបាយ ការអនុវត្ត និងធនធានមនុស្ស ដើម្បីឱ្យ សិស្សទាំងអស់រៀននៅសាលារៀនចំណេះទូទៅមានផាសុកវត្ថុឆ្លើយតបនឹងតម្រូវការរៀនសូត្រផ្សេងៗគ្នា។ ផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន២០២៤-២០២៨ ផ្តល់នូវផែនទីបង្ហាញផ្លូវ យុទ្ធសាស្ត្រ និង សកម្មភាពអាទិភាពសំខាន់ៗ ដើម្បីបង្កើនការចុះឈ្មោះចូលរៀន និងលើកកម្ពស់ការចូលរៀនសមស្របសម្រាប់សិស្សមានពិការភាពប្រកបដោយ គុណភាព និងបរិយាបន្នរួមទាំងកុមារ វ័យជំទង់ និងយុវជនមានពិការភាព។ ក្នុងន័យនេះរាប់បញ្ចូលទាំងការកំណត់ និងការថែរក្សាឱ្យមានស្តង់ដាការអប់រំបរិយាបន្ន ខ្លឹមសារកម្មវិធីសិក្សា ត្រូវសម្របសម្រួលសមស្រប សម្ភារបង្រៀន និងរៀន វិធីសាស្ត្រ និងបរិស្ថានសិក្សាដោយធានាឱ្យបាននូវការចូល រួមការអប់រំបរិយាបន្នប្រកបដោយគុណភាព។

  • វិសាលភាព

ផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន ឆ្នាំ២០២៤-២០២៨ មានគោលបំណងផ្តល់សេវាអប់រំដល់ បុគ្គលមានពិការភាព រួមទាំងកុមារ ជនវ័យជំទង់ និងយុវជនមានពិការភាព។ ផែនការសកម្មភាពនេះបង្ហាញ ថាដើម្បីធានាកុមារទាំងអស់ទទួលបានសេវាអប់រំប្រកបដោយគុណភាព និងបរិយាបន្ន ចាប់ពីមត្តេយ្យសិក្សា រហូតដល់ឧត្តមសិក្សា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទាំងការអប់រំ ក្នុងប្រព័ន្ធ និងក្រៅ ប្រព័ន្ធ។

  • យុទ្ធសាស្ត្រ

ផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន២០២៤-២០២៨ត្រូវបានបង្កើតឡើងផ្អែកលើអនុសាសន៍ គោលនយោបាយ និងការស្រាវជ្រាវស្តីពីការអប់រំបរិយាបន្ននៅកម្ពុជា តាមរយៈការពិគ្រោះយោបល់ជាច្រើន លើកច្រើនសារ ជាមួយអ្នកពាក់ព័ន្ធមកពីស្ថាប័នផ្សេងៗថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ ឪពុកម្តាយ មានកូនមានពិការភាព និងកូនមិនមានពិការភាព។ ផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ននេះបានអនុម័ត យុទ្ធសាស្ត្រដូចខាងក្រោម៖

·       យុទ្ធសាស្ត្រ ១ ៖ កសាងក្របខណ្ឌគតិយុត្ត និងបរិយាកាសអំណោយផលដើម្បីលើកកម្ពស់ការអប់រំ បរិយាបន្ន

·       យុទ្ធសាស្ត្រ ២ ៖ អភិវឌ្ឍប្រព័ន្ធប្រមូលទិន្នន័យ និងព័ត៌មានដើម្បីកំណត់អត្តសញ្ញាណកុមារមាន ពិការភាពតាមរយៈកិច្ចសហការជាមួយស្ថាប័នជាតិ និងភាគីពាក់ព័ន្ធ

·       យុទ្ធសាស្ត្រ ៣ ៖ ធានាឱ្យមានការទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្នដល់ជន មានពិការភាព រួមទាំងកុមារនិងជនវ័យជំទង់មានពិការភាព

·       យុទ្ធសាស្ត្រ ៤ ៖ ធានាគុណភាពការអប់រំបរិយាបន្ន ដល់កុមារមានពិការភាព និងកុមារមានតម្រូវការ ពិសេស

·       យុទ្ធសាស្ត្រ ៥ ៖ អភិវឌ្ឍគំនូសប្លង់ស្តង់ដាសកល សម្រាប់ការសាងសង់អគារសិក្សា សំណង់រូបវន្ត និង ការសម្របសម្រួលអនាម័យ

·       យុទ្ធសាស្ត្រ ៦៖ ជំរុញឱ្យមានធនធានហិរញ្ញវត្ថុ និងពិពិធភាពសម្រាប់គាំទ្រគ្រួសារងាយរងគ្រោះដែល មានកូនមានពិការភាព និងកុមារមានតម្រូវកាអប់រំពិសេស

·       យុទ្ធសាស្ត្រ ៧ ៖ អភិវឌ្ឍសមត្ថភាពគ្រូ និងគណៈគ្រប់គ្រងសាលារៀន

·       យុទ្ធសាស្ត្រ ៨ ៖ លើកកម្ពស់ការយល់ដឹងពីគោលនយោបាយស្តីពីការអប់រំបរិយាបន្ន

·       យុទ្ធសាស្ត្រ ៩ ៖ ពង្រឹងចំណេះដឹង តួនាទី ការទទួលខុសត្រូវ និងការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់។

Date: 9th February 2026
File Type: pdf
Categories: MoEYS Policy Documents
Language: Khmer


Feel free to share this page